វត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើតស្សបាបិយសិកាកម្ម រួចហើយ ត្រូវប្រព្រឹត្តឲ្យល្អ ក្នុងធម៌ ៨ ប្រការ គឺមិនត្រូវឲ្យឧបសម្បទា ១ មិនត្រូវឲ្យនិស្ស័យ ១ មិនត្រូវឲ្យសាមណេរបម្រើ ១ មិនត្រូវត្រេកអរនឹងការ សន្មតជាអ្នកឲ្យឱវាទដល់ភិក្ខុនី ១ បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវឲ្យ ឱវាទពួកភិក្ខុនី ១ មិនត្រូវត្រេកអរនឹងសង្ឃសម្មតិណាមួយ ១ មិនត្រូវនិយម ខ្លួនក្នុងទីជាអធិបតីណាមួយ ១ មិនត្រូវឲ្យ ( ភិក្ខុ ) ចេញចាកអាបត្តិដោយ មូលនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើតស្សបាបិយសិកាកម្ម រួចហើយ ត្រូវប្រព្រឹត្តឲ្យល្អ ក្នុងធម៌ ៨ ប្រការនេះឯង ។ សតិវគ្គ ចប់ ឧទ្ទានក្នុងសតិវគ្គនោះ គឺ និយាយអំពីសតិសម្បជញ្ញៈ ១ អំពីរឿងបុណ្ណិយភិក្ខុ ១ អំពី ធម៌ជាមូល ១ អំពីមហាចោរ ១ អំពីព្រះនាមព្រះតថាគតមាន ព្រះនាមថា សមណៈជាដើម ១ ត្រូវជា ៥ អំពីព្រះអង្គមិន ចង់ជួបនឹងយសបរិវារ ១ អំពីការផ្កាប់បាត្រ និងផ្ងារបាត្រ ១ អំពីសេចក្តីជ្រះថ្លា និងមិនជ្រះថ្លា ១ អំពីបដិសារណីយកម្ម ១ អំពីភិក្ខុប្រព្រឹត្តល្អ ១ ។