បាលាសូត្រទី ៦

ក្បាលទី 31 · ទំព័រ 731

គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ នៅក្នុងទីសមគួរ ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មានប្រាថ្នា ដើម្បីចូលទៅគប់រកសេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃ ស្រោង ។ ម្នាលឧបាលិ ពិតណាស់ សេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សុទ្ធតែជាទីកម្រទ្រាំនៅបាន សេចក្តីស្ងប់ស្ងាត់តែម្នាក់ឯង កម្រ នឹងធ្វើបាន កម្រនឹងត្រេកអរម្នាក់ឯងបាន ព្រៃទាំងឡាយ ហាក់ដូចនឹងនាំចិត្ត របស់ភិក្ខុ អ្នកមិនបាននូវសមាធិយកទៅ ។ ម្នាលឧបាលិ បុគ្គលណាពោល យ៉ាងនេះថា អាត្មាអញកាលបើមិនបានសមាធិ នឹងចូលទៅអាស្រ័យ គប់រក សេនាសនៈដ៏ស្ងាត់ ដែលជាព្រៃស្បាត និងព្រៃស្រោង សេចក្តីប៉ុនប៉ងនុ៎ះរបស់ ភិក្ខុនោះ នឹងលឹបបាត់ទៅវិញ ឬនឹងរសាត់អណ្តែតបានទៅវិញមិនខាន ។