និស្សយសូត្រ
គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ ( ទីពឹង ) អ្នកបរិបូណ៌ដោយនិស្ស័យដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុអ្នកបរិបូណ៌ ដោយនិស្ស័យ តើដោយហេតុដូចម្តេច ។ ម្នាលភិក្ខុ បើភិក្ខុអាស្រ័យសទ្ធា ហើយលះបង់នូវអកុសល ចម្រើននូវកុសលបាន អកុសលនោះ ឈ្មោះថា ភិក្ខុនោះបានលះបង់ហើយ ។ បើភិក្ខុអាស្រ័យហិរិ បើភិក្ខុអាស្រ័យឱត្តប្បៈ បើភិក្ខុអាស្រ័យវីរិយៈ បើភិក្ខុអាស្រ័យបញ្ញា ហើយលះបង់នូវអកុសល ចម្រើននូវកុសលបាន អកុសលនោះ ឈ្មោះថា ភិក្ខុនោះ បានលះបង់ហើយ ព្រោះថា អកុសលដែលភិក្ខុណា ឃើញដោយបញ្ញាដ៏ប្រសើរ ហើយលះ អកុសលនោះ ឈ្មោះថា ភិក្ខុនោះលះហើយ លះស្រឡះហើយ ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ ត្រូវ ប្រកបដោយឧបនិស្ស័យ ៤ យ៉ាង ។ ឧបនិស្ស័យ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវវត្ថុ ដែលគួរសេព ១ ពិចារណាហើយ ទើបអត់សង្កត់នូវវត្ថុដែលគួរអត់សង្កត់ ១ ពិចារណាហើយ ទើបវៀរនូវវត្ថុដែលគួរវៀរ ១ ពិចារណាហើយ ទើបបន្ទោ បង់ចោលនូវវត្ថុដែលគួរបន្ទោបង់ចោល ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា អ្នកបរិបូណ៌ដោយនិស្ស័យ យ៉ាងនេះឯង ។ ៥