អដ្ឋកថានិស្សយសូត្រ

ក្បាលទី 31 · ទំព័រ 11

គប្បីជ្រាបវិនិច្ឆ័យក្នុងនិស្សយសូត្រទី ២ ដូចតទៅនេះ បទថា និស្សយសម្បន្នោ បានដល់ ភិក្ខុដែលដល់ព្រមដោយទីពឹង ។ បទថា សទ្ធំ បានដល់ សទ្ធាជាហេតុឲ្យសម្រេច ។ បទថា វីរិយំ បានដល់ សេចក្តី ព្យាយាមតាមផ្លូវកាយ និងចិត្ត ។ បទថា យំស កាត់បទជា យំ អស្ស ។ បទថា អរិយាយ បញ្ញាយ បានដល់ មគ្គប្បញ្ញា និងវិបស្សនា ។ បទថា សង្ខាយ បានដល់ ដឹងហើយ ។ បទថា ឯកំ បដិសេវតិ បានដល់ រមែង សេពរបស់ដែលគួរសេព ។ បទថា អធិវាសេតិ បានដល់ រមែងអត់សង្កត់ នូវរបស់ដែលគួរអត់សង្កត់ ។ បទថា បរិវជ្ជេតិ បានដល់ រមែងវៀររបស់ ដែលគួរវៀរ ។ បទថា វិនោទេតិ បានដល់ រមែងនាំរបស់ដែលគួរនាំចេញ ទៅ ។ បទថា ឯវំ ខោ ភិក្ខុ សេចក្តីថា ម្នាលភិក្ខុ ដោយហេតុយ៉ាងនេះឯង ភិក្ខុធ្វើការសេពឲ្យយល់ រហូតជាក់ច្បាស់ល្អបាន ក៏ដោយអំណាចការរៀន និងការសាកសួរ និងដោយអំណាចការកំណត់ធម៌ សេព អត់សង្កត់ វៀរ បន្ទោបង់ ឈ្មោះថា ជាអ្នកដល់ព្រមដោយទីពឹង ដោយប្រការដូច្នេះ ។