អដ្ឋកថាមេឃិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមេឃិយសូត្រទី ៣ ដូចតទៅនេះ បទថា ចាលិកាយំ បានដល់ ក្នុងក្រុងមានឈ្មោះយ៉ាងនោះ ។ បានឮថា ក្រុងនោះ រមែងប្រាកដហាក់ដូចកម្រើកដល់បុគ្គលទាំងឡាយ ដែលកំពុងសម្លឹងមើល ព្រោះមហាជនបានអាស្រ័យដីរាវ សាងហើយ ដូច្នោះ ទើបហៅថា ក្រុង ចាលិកា ។ បទថា ចាលិកាបព្វតេ បានដល់ ភ្នំនោះ ប្រាកដដូចកម្រើក ដល់បុគ្គលកំពុងសម្លឹងមើលក្នុងថ្ងៃឧបោសថខាងរនោច ព្រោះសសុទ្ធ ហេតុ នោះ ទើបហៅថា ចាលិកបព្វត ។ បុគ្គលទាំងឡាយសាងវិហារធំ លើ ចាលិកបព៌តនោះ ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យក្រុងនោះ គង់នៅក្នុង ចាលិកបព្វតមហាវិហារ ដោយប្រការដូច្នេះ ។ បទថា ជន្តុគ្គាមំ បានដល់ គោចរគ្រាមមួយទៀត ដែលមានឈ្មោះយ៉ាងនោះរបស់វិហារនោះដូចគ្នា លោកពោលថា ជត្តុគ្គាមំ ដូច្នេះ ក៏មាន ។ បទថា បធានត្ថិកស្ស បានដល់ ធ្វើនូវសេចក្តីព្យាយាម ។ បទថា បធានាយ បានដល់ ដើម្បីធ្វើសមណធម៌ ។ បទថា អាគមេហិ តាវ សេចក្តីថា ព្រះសាស្តាស្តាប់ពាក្យរបស់ព្រះថេរៈហើយ ទ្រង់ពិចារណា ទ្រង់ ដឹងថា ញាណរបស់ព្រះថេរៈនោះ មិនចាស់ក្លា ដូច្នេះ ទើបត្រាស់ឃាត់ យ៉ាងនេះ ។ ឯបទនេះថា ឯកកម្ញិ តាវ បានត្រាស់ដល់ព្រះមេឃិយៈនោះ ដើម្បីឲ្យកើតចិត្តទន់ភ្លន់ ដោយទ្រង់ព្រះតម្រិះថា ព្រះមេឃិយៈនេះ សូម្បីទៅ ហើយយ៉ាងនេះ កាលកម្មដ្ឋានមិនសម្រេច អស់នូវសេចក្តីសង្ស័យ នឹង ត្រឡប់មកវិញ ដោយអំណាចសេចក្តីស្រឡាញ់ ដូច្នេះ ។ បទថា នត្ថិ កិញ្ចិ ឧត្តរឹ ករណីយំ សេចក្តីថា ឈ្មោះថា កិច្ចដែលគប្បីធ្វើដទៃឲ្យ ក្រៃលែង រមែងមិនមាន ព្រោះទ្រង់ធ្វើកិច្ច ៤ ក្នុងសច្ចៈ ៤ ស្រេចហើយ ។