អដ្ឋកថា សជ្ឈសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង បរិព្វាជកឈ្មោះសជ្ឈៈ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫក ហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសជ្ឈបរិព្វាជក អង្គុយក្នុងទីសមគួរ ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ ដ៏ចម្រើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ ( ព័ទ្ធជុំវិញ ) ដូចជាក្រោលនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួលយកចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលសជ្ឈៈ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្ត រួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភព អស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តក ន្លងនូវហេតុ ៥ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពនូវមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលនូវពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវ ការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុង កាលមុន ១ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បាន ទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកា នុ៎ះ របស់ព្រះដ៏មានព្រះភាគមែនឬ