អាហុនេយ្យសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ ជាអ្នកគួរទទួលនូវ ចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមក ដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ បុគ្គល ៩ ពួក តើដូចម្តេច ។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិ ដើម្បីអរហត្ត ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បី ធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលអ្នកប្រតិបត្តិដើម្បី ធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ គោត្រភូបុគ្គល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៩ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យដែលគេនាំមក បូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ សម្ពោធវគ្គទី ១ ចប់ ឧទ្ទានក្នុងសម្ពោធវគ្គនោះគឺ និយាយអំពីការត្រាស់ដឹង ១ អំពីនិស្ស័យ ១ អំពីមេឃិយត្ថេរ ១ អំពីនន្ទកត្ថេរ ១ អំពីពលៈ ១ អំពីការសេព ១ អំពីសុតវន្តុបរិព្វាជក ១ អំពីសជ្ឈបរិព្វាជក ១ អំពីបុគ្គល ១ អំពីអាហុណេយ្យបុគ្គល ១ ។