អដ្ឋកថា សញ្ញាសូត្រ
ក្បាលទី 31 · ទំព័រ 85
ម្នាលភិក្ខុទាំងឡាយ សញ្ញា ៩ យ៉ាងនេះ ដែលបុគ្គលចម្រើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានអមតៈជាទីតាំង នៅស៊ប់ មានអមតៈជាបរិយោសាន ។ សញ្ញា ៩ យ៉ាង តើដូចម្តេចខ្លះ ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៩ យ៉ាង នេះឯង ដែលបុគ្គលចម្រើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មាន អានិសង្សច្រើន មានអមតៈជាទីតាំងនៅស៊ប់ មានអមតៈជាបរិយោសាន ។