ឋានសូត្រ

ក្បាលទី 31 · ទំព័រ 112

ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីប ខ្ពង់ខ្ពស់ ហួសពួកទេវតាជាន់តាវត្តិង្សផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង ។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ ។ គឺមិនមាន សេចក្តីអន្ទះសា ១ មិនមានសេចក្តីហួងហែង ១ មានអាយុទៀង មាន កំណើតដ៏វិសេស ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងឧត្តរកុរុទ្វីប តែងខ្ពង់ខ្ពស់ ហួសពួកទេវតាជាន់តាវត្តិង្សផង និងពួកមនុស្សអ្នកនៅក្នុង ជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ជាន់តាវត្តិង្ស ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួក មនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង ។ ស្ថាន ៣ យ៉ាង តើ ដូចម្តេចខ្លះ ។ គឺអាយុជាទិព្វ ១ សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស តែងខ្ពង់ខ្ពស់ហួសពួកមនុស្ស អ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីប ខ្ពង់ខ្ពស់ ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវត្តិង្ស ផង ដោយស្ថាន ៣ យ៉ាង ។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ ។ គឺមាន សេចក្តីក្លៀវក្លា ១ មានស្មារតី ( ខ្ជាប់ខ្ជួន ) ១ មានការបំពេញព្រហ្មចរិយធម៌ដ៏វិសេស ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងជម្ពូទ្វីប តែងខ្ពង់ខ្ពស់ ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវត្តិង្សផង ដោយស្ថាន ៣ យ៉ាងនេះឯង ។ ៥