អដ្ឋកថា អនុបុព្វនិរោធសូត្រ

ក្បាលទី 31 · ទំព័រ 148

បទថា តំ ក្នុងអត្ថនេះ ត្រឹមតែជានិបាតបុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វនិរោធ ( ធម៌ជាគ្រឿងរលត់ ដោយលំដាប់ឈាន ) នេះមាន ៩ យ៉ាង ។ អនុបុព្វនិរោធទាំង ៩ យ៉ាង តើដូចម្តេច ។ គឺកាលបុគ្គលចូលបឋមជ្ឈានហើយ អាមិសសញ្ញារលត់ទៅ ១ កាលចូលទុតិយជ្ឈាន វិតក្កវិចារៈរលត់ទៅ ១ កាលចូលតតិយជ្ឈាន បីតិរលត់ទៅ ១ កាលចូលទៅចតុត្ថជ្ឈាន អស្សាសៈ និងបស្សាសៈ រលត់ ទៅ ១ កាលចូលអាកាសានញ្ចាយតនជ្ឈាន រូបសញ្ញារលត់ទៅ ១ កាល ចូលវិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់ទៅ ១ កាល ចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់ទៅ ១ កាលចូល នេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់ទៅ ១ កាល ចូលសញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់ទៅ ១ ។ ម្នាលភិក្ខុ ទាំងឡាយ អនុបុព្វនិរោធ មាន ៩ យ៉ាងនេះឯង ។ សត្តាវាសវគ្គទី ៣ ចប់ ឧទ្ទានក្នុងសត្តាវាសវគ្គនោះ គឺ និយាយអំពីហេតុដ៏ប្រសើរ ១ អំពីគោត្រ ១ អំពីតណ្ហាមូលកធម៌ ១ អំពីវវត្ថសញ្ញា ១ អំពីការប្រៀបដោយសសរថ្ម ១ អំពីពៀរមាន ២ លើក អំពីអាឃាតវត្ថុមាន ២ លើក អំពីអនុបុព្វនិរោធ ១ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអនុបុព្វនិរោធសូត្រទី ១១ ដូចតទៅនេះ បទថា អនុបុព្វនិរោធា បានដល់ រលត់ទៅតាមលំដាប់ ។ ពាក្យដ៏សេស ក្នុងបទទាំងពួង ងាយយល់ទាំងអស់ហើយ ។