អដ្ឋកថា និព្វានសូត្រ
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មាន អាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ ។ កាលបើព្រះសារីបុត្តពោល យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏ មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ចុះសុខក្នុងព្រះនិព្វាននុ៎ះ តើដូចម្តេច ។ ម្នាលអាវុសោ ការដឹង ណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ហ្នឹងហើយជាសុខក្នុងព្រះនិព្វាននុ៎ះឯង ។ ម្នាលអាវុសោ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង ។ កាមគុណ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺរូបដែលគប្បីដឹងដោយភ្នែកជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក ។ បេ ។ ក្លិនដែលគប្បីដឹងដោយច្រមុះ រស ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ។ ម្នាលអាវុសោ កាមគុណមាន ៥ យ៉ាងនេះឯង ។ ម្នាល អាវុសោ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវកាមគុណ ៥ យ៉ាងនេះ ម្នាលអាវុសោ នេះហៅថា កាមសុខ ។ ម្នាលអាវុសោ ភិក្ខុ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ បានដល់បឋមជ្ឈាន ម្នាល អាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការ ( ការធ្វើទុកក្នុងចិត្តនូវសញ្ញា ) ប្រកបដោយកាម ក៏ច្រួលច្រាល់ ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ។