គាវីសូត្រ

ក្បាលទី 31 · ទំព័រ 167

ជ្រាបអត្ថក្នុងវារៈទាំងអស់យ៉ាងនេះ ។ ក្នុងសូត្រនេះ ព្រះសារីបុត្រពោល ដល់អវេទយិតសុខ ។ ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ដើរទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ មេ គោនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នេះ គួរតែអាត្មាអញ ទៅកាន់ ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង ។ មេគោនោះ មិនទាន់ឈរជើងមុខឲ្យស៊ប់ ស្រួល ហើយលើកនូវជើងខាងក្រោយឡើង មេគោនោះ មិនគប្បីទៅកាន់ ទិស ដែលខ្លួនមិនធ្លាប់ទៅបានផង មិនគប្បីទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ ទំពាស៊ីបានផង មិនគប្បីផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង មេគោនោះឈរ ក្នុងប្រទេសណា តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពា ស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង ។ មេគោនោះ មិនគប្បីត្រឡប់មកកាន់ ប្រទេសនោះ ដោយសួស្តីបានវិញទេ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិន ឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកល្ងង់ មិន ឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ដល់នូវបឋមជ្ឈាន ប្រកបដោយ វិតក្ក និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ក៏យ៉ាងនោះ ដែរ ។