អដ្ឋកថាឈានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឈានសូត្រទី ៥ ដូចតទៅនេះ បទថា អាសវានំ ខយំ បានដល់ អរហត្ត ។ បទថា យទេវ តត្ថ ហោតិ រូបគតំ សេចក្តីថា ធម្មតារូបណា រមែងប្រព្រឹត្តទៅក្នុងខណៈបឋមជ្ឈាននោះដោយ វត្ថុក្តី ដោយចិត្តជាសមុដ្ឋានក្តី ។ គប្បីជ្រាបវេទនាជាដើម ដោយអំណាច សំយុត្តវេទនា គឺវេទនាដែលប្រកបគ្នាជាដើម ។ បទថា តេ ធម្មេ បានដល់ ធម៌ គឺបញ្ចក្ខន្ធ មានរូបជាដើមនោះ ។ ក្នុងបទទាំងឡាយ មានបទថា អនិច្ចតោ ជាដើម គប្បីជ្រាបសេចក្តី ដូច្នេះ ឈ្មោះថា ជារបស់មិនទៀង ព្រោះអាការមានហើយ ទៅជាមិនមាន ឈ្មោះថា ជាទុក្ខ ព្រោះការបៀតបៀន ឈ្មោះថា ជារោគ ព្រោះការចាក់ ដោត ឈ្មោះថា ជាបូស ព្រោះឈឺខាងក្នុង ឈ្មោះថា ជាព្រួញ ព្រោះចាក់ ចូលទៅ និងព្រោះមុតចូលទៅ ឈ្មោះថា សេចក្តីលំបាក ព្រោះអត់ធន់បាន ដោយកម្រ ឈ្មោះថា អាពាធ ព្រោះត្រូវបៀតបៀន ឈ្មោះថា ជាវត្ថុដទៃ ព្រោះមិនមែនជារបស់ខ្លួន ឈ្មោះថា ជារបស់បែកធ្លាយ ព្រោះពុកទៅ ឈ្មោះថា ជារបស់សូន្យ ព្រោះមិនមែនជាម្ចាស់ ឈ្មោះថា ជាអនត្តា ព្រោះ មិននៅក្នុងអំណាច ។ បទថា សមនុបស្សតិ បានដល់ ឃើញដោយវិបស្សនាញាណដែលចាស់ក្លា ។ បទថា តេហិ ធម្មេហិ បានដល់ ដោយធម៌ គឺ បញ្ចក្ខន្ធទាំងនោះ ។ បទថា បតិដ្ឋាបេតិ បានដល់ ត្រឡប់ទៅដោយការ នឿយណាយ ។ បទថា អមតាយ ធាតុយា បានដល់ និព្វានធាតុ ។ បទថា ចិត្តំ ឧបសំហរតិ បានដល់ ឃើញដោយវិបស្សនាញាណដែលចាស់ក្លា គឺឃើញអានិសង្សដោយញាណ ហើយឈមចុះ ។ បទថា សន្តំ បានដល់ ឈ្មោះថា ស្ងប់ ព្រោះស្ងប់ចាកកិលេសដែលជាសត្រូវ ។ បទថា បណីតំ បានដល់ មិនក្តៅក្រហាយ ។ បទថា សោ តត្ថ ឋិតោ អាសវានំ ខយំ បបុណាតិ សេចក្តីថា ភិក្ខុនោះតាំងនៅក្នុងបឋមជ្ឈាននោះ ចម្រើនវិបស្សនា ចាស់ក្លា