អានន្ទសូត្រ
សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹង ភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតប ព្រះអានន្ទដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះអានន្ទដ៏មានអាយុ មាន ថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់ ម្នាលអាវុសោ ទាំងឡាយ ចម្លែកណាស់ ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គត្រាស់ដឹងនូវការបាននូវឱកាសដើម្បី សេចក្តីបរិសុទ្ធ ដើម្បីកន្លងបង់នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរលត់ ទុក្ខ និងទោមនស្ស ដើម្បីបាននូវព្រះនិព្វាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះ និព្វាន របស់សត្វទាំងឡាយ ( ការបាននូវឱកាសនោះ គឺ ) ចក្ខុប្បសាទ នោះ ក៏មានរូបទាំងឡាយនោះ មកកាន់រង្វង់ចក្ខុ តែមិនទទួលដឹងចំពោះ រូបាយតនៈនោះ ១ សោតប្បសាទក៏មាន សំឡេងទាំងឡាយនោះក៏មក តែ មិនទទួលដឹងចំពោះសទ្ទាយតនៈនោះ ១ ឃានប្បសាទនោះក៏មាន ក្លឹន ទាំងឡាយនោះក៏មក តែមិនទទួលដឹងចំពោះគន្ធាយតនៈនោះ ១ ជីវ្ហាបសាទ នោះក៏មាន រសទាំងឡាយនោះក៏មក តែមិនទទួលដឹងចំពោះរសាយតនៈនោះ ១ កាយប្បសាទនោះក៏មាន សម្ផស្សទាំងឡាយក៏មក តែមិនទទួលដឹង ចំពោះផោដ្ឋព្វាយតនៈនោះ ១ ។ កាលដែលអានន្ទដ៏មានអាយុ មានថេរ វាចាយ៉ាងនេះហើយ ព្រះឧទាយីដ៏មានអាយុ បានសួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា អើ អាវុសោអានន្ទ ចុះ ដែលមិនទទួលដឹងចំពោះអាយតនៈនោះ តើមានសញ្ញាឬទេ ឬក៏មិនមានសញ្ញា ។ ព្រះអានន្ទដ៏មានអាយុតបថា បុគ្គលដែលទទួលដឹង ចំពោះអាយតនៈនោះ សុទ្ធតែជាអ្នកមានសញ្ញា មិន មែនជាអ្នកមិនមានសញ្ញាទេ ។