អដ្ឋកថា ទុតិយកាមហេសសូត្រ

ក្បាលទី 31 · ទំព័រ 247

ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បញ្ញាវិមុត្ត បញ្ញាវិមុត្ត ដូច្នេះ ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះអង្គសម្តែង ហើយ តើដោយហេតុប៉ុន្មាន ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ ចាកកាមទាំងឡាយ ។ បេ ។ ក៏បានដល់នូវបឋមជ្ឈាន ទាំងដឹងច្បាស់ដោយ បញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង ។ បេ ។ ម្នាលអាវុសោ មួយ ទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏ អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ទាំងភិក្ខុនោះក៏ដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ដោយនិប្បរិយាយត្រឹមប៉ុណ្ណេះឯង ។