ឥទ្ធិបាទវគ្គសូត្រជាដើម
[ ៧៣-៧៤ ] សម្មប្បធានវគ្គទី ៣ មានអត្ថងាយយល់ទាំងអស់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា មានកម្លាំងថយនេះ មាន ៥ យ៉ាង ។ ហេតុនៃសិក្ខា មានកម្លាំងថយ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺ បាណាតិបាត ១ ។ បេ ។ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា មានកម្លាំងថយមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុគួរចម្រើនឥទ្ធិបាទ ៤ យ៉ាង ដើម្បីលះបង់នូវហេតុនៃសិក្ខា មានកម្លាំងថយ ៥ យ៉ាងនេះ ។ ឥទ្ធិបាទ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនឥទ្ធិបាទ ៤ យ៉ាងនេះ ដើម្បីលះបង់នូវហេតុនៃសិក្ខា មានកម្លាំងថយ ៥ យ៉ាងនេះឯង ។ ( បទ ដ៏សេសទាំង ២ ត្រូវសម្តែងឲ្យពិស្តារដោយអំណាចឥទ្ធិបាទផងចុះ ) ។ ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តនេះ មាន ៥ យ៉ាង ។ ចំណងរបស់ចិត្ត ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ មិនទាន់ប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ ចំណងរបស់ចិត្តមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនឥទ្ធិបាទ ៤ យ៉ាងនេះ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះឯង ។