កិមត្ថិយសូត្រ

ក្បាលទី 31 · ទំព័រ 274

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកសីលជាកុសល មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ ( សេចក្តីមិនក្តៅក្រហាយ ) ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះអវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិ- សង្ស ។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជ ( សេចក្តីរីករាយ ) ជា ប្រយោជន៍ មានបាមុជ្ជជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ ( សេចក្តីឆ្អែតចិត្ត ) ជាប្រយោជន៍ មានបីតិជាអានិសង្ស ។ បពិត្រព្រះអង្គ ដ៏ចម្រើន ចុះបីតិមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ ( សេចក្តីស្ងប់ ) ជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបស្សទ្ធិមានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស ។ ម្នាលអានន្ទ បស្សទ្ធិមានសុខជាប្រយោជន៍ មានសុខជាអានិសង្ស ។