អដ្ឋកថាកិមត្ថិយសូត្រ
ក្បាលទី 31 · ទំព័រ 277
បឋមបណ្ណាសកៈ ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងកិមត្ថិយសូត្រទី ១ នៃទសកនិបាតដូចតទៅ បទថា កុសលានិ សីលានិ បានដល់ សីលដែលមិនមានទោស ។ សីល ឈ្មោះថា មានការមិនក្តៅក្រហាយចិត្តជាប្រយោជន៍ ព្រោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ភាពជាអ្នកមិនខ្មាសអៀន មិនក្តៅក្រហាយចិត្ត ឈ្មោះ ថា មានការមិនក្តៅក្រហាយចិត្តជាអានិសង្ស គឺផលល្អ ព្រោះសីលទាំងនោះ មានការមិនក្តៅក្រហាយចិត្តនោះឯង ជាអានិសង្ស ។ ក្នុងពាក្យថា យថាភូតញ្ញាណទស្សនត្ថោ ជាដើម វិបស្សនាយ៉ាងទន់ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ វិបស្សនាដែលមានកម្លាំងឈ្មោះថា និព្វិទា មគ្គ ឈ្មោះថា វិរាគ អរហត្តផល ឈ្មោះថា វិមុត្តិ បច្ចវេក្ខណញ្ញាណ ឈ្មោះថា ញាណទស្សន ។ បទថា អរហត្តាយ បូរេន្តិ បានដល់ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់អរហត្ត ។