អដ្ឋកថា សទ្ធាសូត្រ

ក្បាលទី 31 · ទំព័រ 295

ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុ នោះឈ្មោះថា មិនពេញលេញដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះគប្បីបំពេញ អង្គនោះ ឲ្យពេញលេញឡើងដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមាន សទ្ធាផង មានសីលផង ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មានសីលផង ទើបភិក្ខុនោះឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាទាំងមានសីលហើយ តែថាមិនបាន ចេះដឹងច្រើន ។ បេ ។ ចេះដឹងច្រើនហើយ តែមិនចេះសម្តែងធម៌ ចេះសម្តែង ធម៌ហើយ តែចូលកាន់បរិស័ទមិនកើត ចូលកាន់បរិស័ទកើតហើយ តែមិន ក្លៀវក្លាសម្តែងធម៌ដល់បរិស័ទ ក្លៀវក្លាសម្តែងធម៌ដល់បរិស័ទហើយ តែមិន ទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ ដែលមានសេនាសនៈស្ងាត់ នៅក្នុងព្រៃមានសេនាសនៈស្ងាត់ហើយ តែមិនបានតាមប្រាថ្នា មិន បានដោយមិនលំបាក មិនបានដោយងាយនូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្ត ដ៏ប្រសើរ ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នហើយ តែមិនធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយ ខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ភិក្ខុនោះឈ្មោះថា នៅមិនទាន់ពេញលេញដោយអង្គ នោះយ៉ាងនេះ ភិក្ខុនោះត្រូវបំពេញអង្គនោះដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសម្តែងធម៌ផង ចូលកាន់បរិស័ទកើតផង ក្លៀវក្លាសម្តែងធម៌ដល់បរិស័ទផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃមានសេនាសនៈស្ងាត់ផង