សន្តសូត្រ

ក្បាលទី 31 · ទំព័រ 297

ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែគ្មានសីល មាន សីលហើយ តែមិនចេះដឹងច្រើន ចេះដឹងច្រើនហើយ តែមិនចេះសម្តែងធម៌ ចេះសម្តែងធម៌ហើយ តែចូលកាន់បរិស័ទមិនកើត ចូលកាន់បរិស័ទកើតហើយ តែមិនក្លៀវក្លាសម្តែងធម៌ដល់បរិស័ទ ក្លៀវក្លាសម្តែងធម៌ដល់បរិស័ទហើយ តែ មិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈ ស្ងាត់ ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានវិមោក្ខធម៌ ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយកាយ បានវិមោក្ខធម៌ ដ៏ល្អិត ដែលកន្លងរូបជ្ឈាន បានអារុប្បជ្ឈានដោយកាយហើយ តែមិនបានធ្វើឲ្យ ជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះត្រូវបំពេញ អង្គនោះដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ចេះដឹងច្រើនផង ចេះសម្តែងធម៌ផង ចូលកាន់បរិស័ទកើតផង ក្លៀវក្លាសម្តែង ធម៌ដល់បរិស័ទផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនសនៈស្ងាត់ ផង បានវិមោក្ខធម៌ដ៏ល្អិត ដែលកន្លងរូបជ្ឈានហើយ បានអារុប្បជ្ឈានដោយ កាយផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ផង ។