សេនាសនសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ កាលសេពគប់ នូវសេនាសនៈ ដែលប្រកបដោយអង្គ ៥ មិនយូរប៉ុន្មាន គប្បីធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល ណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធ មានបុញ្ញសិរី ១ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុបក់កម្តៅស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក យ៉ាង កណ្តាល អត់ធន់នូវសេចក្តីព្យាយាមបាន ១ មិនជាអ្នកអួតអាង មិនមាន មាយា គឺប្រព្រឹត្តខ្លួនឲ្យពិតប្រាកដក្នុងព្រះសាស្តា ឬក្នុងពួកសព្រហ្មចារី ជា អ្នកចេះដឹង ១ ជាអ្នកមានព្យាយាមប្រារព្ធ ដើម្បីលះបង់ពួកអកុសលធម៌ ចូលដល់នូវកុសលធម៌ ១ ជាអ្នកមានកម្លាំង ប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ១ មានប្រាជ្ញាប្រកបដោយបញ្ញាយល់ច្បាស់នូវ សេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ អង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះសេនាសនៈប្រកបដោយ អង្គ ៥ តើដូចម្តេច ។