អដ្ឋកថាសេនាសនសូត្រ
ក្បាលទី 31 · ទំព័រ 305
គប្បីជ្រាបវិនិច្ឆ័យក្នុងសេនាសនសូត្រទី ១ នៃនាថករណវគ្គ ទី ២ ដូចតទៅនេះ បទថា បញ្ចង្គសមន្នាគតោ បានដល់ ដែលប្រកបដោយ អង្គគុណ ៥ ។ បទថា នាតិទូរំ ហោតិ នាច្ចាសន្នំ សេចក្តីថា ទីកន្លែង ណាឆ្ងាយពេក ភិក្ខុត្រាច់បិណ្ឌបាតក្នុងទីនោះ ក៏មានសេចក្តីលំបាកកាយ និង ចិត្ត លោកក៏ធ្វើសមាធិ ដែលមិនទាន់កើតឲ្យកើតមិនបាន ឬធ្វើសមាធិដែល កើតហើយឲ្យមាំទាំមិនបាន ស្ថានទីជិតពេក ក៏កុះករដោយមនុស្សជាច្រើន ។ ទីដែលផុតចាកទោសទាំង ២ នោះ ក្នុងបទេសប្រមាណ ៤០ ឧសភៈ ឈ្មោះថា ដល់ព្រមដោយការទៅមក ។ បទថា ទិវា អប្បកិណ្ណំ បានដល់ មិនដេរដាសដោយមនុស្សជាច្រើន ក្នុងពេលថ្ងៃ ។