អង្គសូត្រ

ក្បាលទី 31 · ទំព័រ 306

ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងធម្មវិន័យ នេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះកាមច្ឆន្ទៈ ១ លះព្យាបាទ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះវិចិកិច្ឆា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះ អង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុប្រកបដោយអង្គ ៥ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ១ ប្រកបដោយបញ្ញា ខន្ធជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ១ ប្រកបដោយ វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ អង្គ ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលះអង្គ ៥ ប្រកបដោយ អង្គ ៥ ហៅថា ជាឧត្តមបុរសមានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ ។ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ មិនមានដល់ភិក្ខុដោយប្រការទាំងពួង ភិក្ខុបែបនោះ ប្រកបដោយ អសេក្ខសីលផង ដោយអសេក្ខសមាធិផង ( ដោយ អសេក្ខបញ្ញាផង ) ដោយវិមុត្តិផង ដោយវិមុត្តិញ្ញាណផង ភិក្ខុនោះឯង ឈ្មោះថាប្រកបដោយអង្គ ៥ លះអង្គ ៥ ភិក្ខុ នោះឯងហៅថា ប្រកបដោយគុណទាំងអស់ក្នុងធម្មវិន័យនេះ ។ ៥