អដ្ឋកថាអង្គសូត្រ

ក្បាលទី 31 · ទំព័រ 307

គប្បីជ្រាបវិនិច្ឆ័យក្នុងអង្គសូត្រទី ២ ដូចតទៅនេះ បទថា កេវលី បានដល់ ប្រកបដោយគុណទាំងមូល ។ បទថា វុសិតវា ប្រែថា មានព្រហ្មចរិយៈនៅចប់ហើយ ។ បទថា អសេក្ខេន បានដល់ លោកុត្តរធម៌ ដែលទាក់ទងក្នុងអសេក្ខធម៌ ។ បទថា សីលក្ខន្ធេន ប្រែថា ដោយគំនរ សីល ។ ក្នុងបទថា វិមុត្តិក្ខន្ធេន នេះ វៀរសីលជាដើមចេញ ផលធម៌ ដ៏សេសទាំង ៣ ឈ្មោះថា វិមុត្តិ ។ វិមុត្តិញ្ញាណទស្សនៈ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បច្ចវេក្ខណញ្ញាណនោះ ជាលោកិយតែម្យ៉ាង ។