អាហុនេយ្យសូត្រ
ក្បាលទី 31 · ទំព័រ 320
ម្នាលភិក្ខុទាំងឡាយ បុគ្គល ១០ ពួកនេះ ជាអ្នកគួរទទួល នូវវត្ថុដែលគេនាំមកដើម្បីបូជា គួរទទួលវត្ថុដែលគេតាក់តែងដើម្បីទទួលភ្ញៀវ គួរទទួលទានដែលគេជឿកម្ម និងផលរបស់កម្មហើយបូជា គួរឲ្យបុគ្គលដែល ត្រូវការដោយកុសល ប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ បុគ្គលទាំង ១០ ពួក តើដូចម្តេច ។ គឺព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ១ ព្រះបច្ចេកសម្ពុទ្ធ ១ ឧភតោភាគវិមុត្តបុគ្គល ១ បញ្ញាវិមុត្តបុគ្គល ១ កាយសក្ខីបុគ្គល ១ ទិដ្ឋិប្បត្តបុគ្គល ១ សទ្ធាវិមុត្តបុគ្គល ១ ធម្មានុសារីបុគ្គល ១ សទ្ធានុសារីបុគ្គល ១ គោត្រភូបុគ្គល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ១០ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុដែលគេនាំមកដើម្បីបូជា ។ បេ ។ ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ ៥