បឋមនាថសូត្រ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរជាបុគ្គលមានទីពឹង កុំ ជាបុគ្គលមិនមានទីពឹងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទីពឹង រមែង នៅជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ នាថករណធម៌ ( ធម៌សម្រាប់ធ្វើឲ្យមាន ទីពឹង ) នេះមាន ១០ យ៉ាង ។ នាថករណធម៌ ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចរ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ព្រោះធម៌ ណា នេះឯងជានាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលម្អបទដើម លម្អបទ កណ្តាល លម្អបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាពដូច្នោះ ភិក្ខុនោះ ក៏ចេះចាំច្រើន បានចាំទុក ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត ។ បេ ។ បានចាក់ធ្លុះល្អដោយទិដ្ឋិព្រោះធម៌ណា នេះឯងជា នាថករណធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មាន សម្លាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសម្លាញ់ល្អ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មានមិត្តល្អ មានសម្លាញ់ល្អ ជាអ្នកងាកចិត្តទៅតាមមិត្តសម្លាញ់ល្អ ព្រោះធម៌ ណា នេះឯងជានាថករណធម៌ ១ ។