អដ្ឋកថាបឋមនាថសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមនាថសូត្រទី ៧ ដូចតទៅនេះ បទថា សនាថា សេចក្តីថា មានញាតិ គឺមានញាតិច្រើន ។ ជនពួកណា ធ្វើទីពឹង ហេតុនោះ ជនទាំងនោះ ឈ្មោះថា ធ្វើទីពឹង អធិប្បាយថា ធ្វើឲ្យ មានទីពឹង ទីពំនាក់ដល់ខ្លួន ។ ក្នុងបទថា កល្យាណមិត្តោ ជាដើម ឈ្មោះ ថា មានកល្យាណមិត្ត ព្រោះមានមិត្រល្អ ដែលសម្បូរដោយសីលជាដើម ។ ឈ្មោះថា មានកល្យាណមិត្ត ព្រោះជនទាំងនោះជាសម្លាញ់របស់បុគ្គលនោះ ព្រោះទៅរួមគ្នាក្នុងឥរិយាបថ មានឈរ អង្គុយជាដើម ។ ដែលឈ្មោះថា កល្យាណសម្បវង្ក ព្រោះទន់ភ្លន់ក្នុងពួកកល្យាណមិត្តដោយកាយ និងចិត្ត ។ បទថា សុវចោ ហោតិ សេចក្តីថា រមែងជាបុគ្គលដែលគេប្រដៅ ងាយ ដែលគេគប្បីទូន្មានបានងាយ ។ បទថា ខមោ បានដល់ ត្រូវពោល ដោយពាក្យគ្រោតគ្រាត ពាក្យទ្រគោះ ក៏អត់ធន់បាន មិនក្រោធ ។ បទថា បទក្ខិណគ្គាហី អនុសាសនឹ សេចក្តីថា មិនធ្វើដូចបុគ្គលខ្លះ កាលត្រូវលោក ទូន្មាន ក៏ទទួលយកខាងឆ្វេង គឺមិនគោរព តបត ឬមិនស្តាប់ ដើរចេញទៅ ទទួលយកខាងស្តាំ ដោយពោលថា សូមលោកទូន្មានខ្ញុំចុះ កាលលោកមិន ទូន្មាន អ្នកដទៃណានឹងទូន្មាន ដូច្នេះ ។ បទថា ឧច្ចាវចានិ ប្រែថា ខ្ពស់ទាប ។ បទថា កឹករណីយានិ បាន ដល់ កិច្ចកម្មដែលសួរយ៉ាងនេះថា ខ្ញុំធ្វើអ្វី ហើយធ្វើ ។ បណ្តាកិច្ចកម្មខ្ពស់ ទាប ឈ្មោះថា កិច្ចកម្មខ្ពស់ បានដល់ កិច្ច ដូចជាធ្វើចីវរ ជ្រលក់ចីវរ បូក បាយ-អព្រះចេតិយ កិច្ចកម្មដែលគប្បីធ្វើក្នុងរោងឧបាសថ ខឿនព្រះចេតិយ និងខឿនពោធិព្រឹក្ស យ៉ាងនេះជាដើម ។ ឈ្មោះថា កិច្ចកម្មទាប បានដល់ កិច្ចកម្មតិចតួច ដូចជាលាងបាត្រ លាបប្រេងជាដើម ។ បទថា តត្រុបយាយ បានដល់ ដែលប្រព្រឹត្តទៅក្នុងកិច្ចកម្មនោះ ។