បឋមអរិយវាសសូត្រ

ក្បាលទី 31 · ទំព័រ 334

ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ ( ធម៌ជាគ្រឿងអប់រំដ៏ប្រសើរ ) នេះមាន ១០ យ៉ាង ដែលពួកព្រះអរិយៈបានអប់រំហើយក្តី កំពុងអប់រំក្តី នឹង អប់រំក្តី ។ អរិយវាសៈទាំង ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ បានលះបង់នូវអង្គ ៥ ប្រកបដោយអង្គ ៦ មានគ្រឿងរក្សា ចិត្តតែមួយ មានធម៌ជាបង្ហែក ៤ បានបន្ទោបង់នូវបច្ចេកសច្ចៈ ( សច្ចៈដែល តិរ្ថិយប្រកាន់ប្លែកៗ គ្នា ) បានលះបង់នូវការស្វែងរកជ្រះស្រឡះហើយ មាន ការត្រិះរិះមិនកករល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ហើយ មានចិត្តផុតស្រឡះ ហើយមានប្រាជ្ញាដឹងថា ចិត្តផុតស្រឡះហើយ ។ ម្នាលភិក្ខុទាំងឡាយ អរិយវាសៈ ១០ យ៉ាងនេះឯង ដែលពួកព្រះអរិយៈ បានអប់រំហើយក្តី កំពុងអប់រំក្តី នឹងអប់រំក្តី ។