អដ្ឋកថាទុតិយអរិយវាសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអរិយវាសសូត្រទី ១០ ដូចតទៅ នេះ ព្រោះហេតុដែលភិក្ខុអ្នកកុរុរដ្ឋ មានបញ្ញាជ្រាលជ្រៅ ខ្វល់ខ្វាយក្នុងកាល ដ៏សមគួរ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់សូត្រដែលជ្រាលជ្រៅ នាំត្រៃលក្ខណ៍ ដែលល្អិតជ្រាលជ្រៅមកយ៉ាងនោះដូចគ្នា ដូចដែលត្រាស់មហានិទានសូត្រជាដើម ក្នុងគម្ពីរទីឃនិកាយជាដើមដល់ភិក្ខុទាំងនោះ ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា បញ្ចង្គវិប្បហីនោ សេចក្តីថា ភិក្ខុដែលមិនប្រកបដោយ អង្គ ៥ អស់អាសវៈហើយ មានព្រហ្មចរិយៈនៅចប់ហើយ កំពុងនៅនឹង នៅ ព្រោះដូច្នោះ ទើបភិក្ខុនេះ ត្រាស់ហៅថា អរិយវាស ព្រោះមានធម៌ ជាគ្រឿងនៅសម្រាប់ព្រះអរិយៈ ព្រោះជាបុគ្គលលះអង្គ ៥ បានហើយ ក្នុង បទទាំងពួង ក៏ន័យដូច្នេះ ។ បទថា ឯវំ ខោ ភិក្ខវេ ភិក្ខុ ឆឡង្គសមន្នាគតោ ហោតិ សេចក្តីថា រមែងជាបុគ្គលប្រកបដោយឆឡង្គុបេក្ខា សួរថា អ្វីឈ្មោះថា ឆឡង្គុបេក្ខាធម៌ ឆ្លើយថា ធម៌ទាំងឡាយ មានញាណជាដើម កាលពោលថាញាណ រមែងបាន ក្នុងកិរិយាចិត្តដែលសម្បយុត្តដោយញាណ ៤ ដួង កាលពោលថា ធម៌ជា គ្រឿងនៅជាប់តគ្នា ក៏បានដល់មហាចិត្ត ៨ ដួង កាលពោលថា សេចក្តី ស្រឡាញ់ សេចក្តីក្រោធមិនមាន ក៏បានដល់ចិត្ត ១០ ដួង សោមនស្សញ្ញាណ ក៏បានដោយអំណាចអាសេវនប្បច្ច័យ ។ បទថា សតារក្ខេន ចេតសា សេចក្តីថា សតិរបស់ព្រះខីណាស្រព រមែងឲ្យសម្រេចកិច្ច គឺរក្សាក្នុងទ្វារទាំង ៣ សព្វកាល ដោយហេតុនោះឯង ញាណទស្សនៈរបស់ព្រះខីណាស្រពនោះ ទោះដើរ ឈរ និទ្រា ភ្ញាក់ ទើប លោកហៅថា រមែងប្រាកដជាប់តគ្នា មានព្រមហើយ ។ បទថា បុថុស្សមណព្រាហ្មណានំ បានដល់ របស់សមណព្រាហ្មណ៍ដ៏ច្រើន ។