អដ្ឋកថាសីហសូត្រ

ក្បាលទី 31 · ទំព័រ 349

គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ១ នៃមហាវគ្គទី ៣ ដូចតទៅ នេះ បទថា វិសមគតេ បានដល់ ទៅក្នុងទីរកចំណីដែលមិនរាបស្មើ ។ បទថា សង្ឃាតំ អាបទេសឹ ប្រែថា ឲ្យដល់ឃាតៈ គឺការត្រូវសម្លាប់ ។ ពិតហើយ រាជសីហ៍នោះ មានការអាណិតអាសូរក្នុងពួកសត្វតូចៗ ព្រោះខ្លួន មានអំណាចច្រើន ព្រោះដូច្នោះ ទើបគិតថា ពួកសត្វទាំងឡាយណា អាចតាំង នៅក្នុងឋានៈជាសត្រូវ ចាំបាច់ត្រូវសម្លាប់សត្វទាំងនោះ ពួកសត្វណាខ្សោយ កម្លាំង បំណងនឹងគេច ពួកសត្វទាំងនោះ ចូរគេចទៅចុះ ទើបបន្លឺសីហនាទ ហើយចេញទៅរកចំណី ។ បទថា តថាគតស្សេតំ អធិវចនំ សេចក្តីថា ព្រះតថាគត ឈ្មោះថា សីហ ព្រោះទ្រង់អត់ធន់ ១ ព្រោះទ្រង់សម្លាប់ ១ ទើប ទ្រង់អត់ធន់ក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍គ្រប់យ៉ាង និងទ្រង់សម្លាប់ដោយ ការញាំញីវាទៈរបស់ពួកជន ដែលមានវាទៈជាសត្រូវគ្រប់គ្នា ។ បទថា ឥទមស្ស ហោតិ សីហនាទស្មឹ បានដល់ នេះជាសីហនាទ គឺការបន្លឺដែល មិនមានការខ្លាចរបស់ព្រះតថាគតនោះ ។ បទថា តថាគតស្ស តថាគតពលានិ បានដល់ ជាកម្លាំងរបស់ព្រះតថាគត បុណ្ណោះ ។ មិនទួទៅដល់អ្នកដទៃ ។ អធិប្បាយថា ពលរបស់ព្រះពុទ្ធ ទាំងឡាយ ក្នុងកាលមុន មកហើយដោយសម្បត្តិ គឺបុណ្យ និងយស យ៉ាងណា សូម្បីព្រះតថាគតក៏យ៉ាងនោះ ដូច្នេះ ។ ក្នុងពាក្យថា កម្លាំងនៃ ព្រះតថាគតនេះ កម្លាំងមាន ២ យ៉ាង គឺកម្លាំងព្រះវរកាយ ១ កម្លាំងព្រះញាណ ១ ក្នុងកម្លាំង ២ យ៉ាងនោះ កម្លាំងព្រះវរកាយ គប្បីជ្រាបដោយ ការប្រៀបធៀបនឹងត្រកូលដំរី ។