អដ្ឋកថាអធិមុត្តិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអធិមុត្តិសូត្រទី ២ ដូចតទៅនេះ បទថា យេ តេ ធម្មា បានដល់ ធម៌ គឺព្រះទសពលញ្ញាណ និងព្រះសព្វញ្ញុតញ្ញាណទាំងនោះ ។ បទថា អធិមុត្តិបទានំ បានដល់ បទ គឺឈ្មោះ អធិប្បាយថា ធម៌ គឺខន្ធ អាយតនៈ ធាតុ ។ ពិតហើយ ឈ្មោះ លោក ហៅថា អធិមុត្តិ ព្រោះជាបទដ្ឋាននៃទេសនា ដែលជាបទនៃធម៌នោះៗ ។ ពិតហើយ ព្រះសម្ពុទ្ធទាំងឡាយដែលកន្លងទៅហើយ ក៏ត្រាស់ធម៌ទាំងនោះ ដូចគ្នា សូម្បីព្រះពុទ្ធដែលមិនទាន់មកដល់ ក៏នឹងត្រាស់ធម៌ទាំងនោះដូចគ្នា ព្រោះដូច្នោះ ធម៌ទាំងឡាយ មានខន្ធជាដើម ឈ្មោះថា អធិមុត្តិបទ ។ អធិមុត្តិបទទាំងនោះ ។ ម្យ៉ាងទៀត ទិដ្ឋិទាំងឡាយ លោកហៅថា អធិមុត្តិ ព្រោះគ្របសង្កត់សេចក្តីពិត មិនកាន់យកតាមសេចក្តីពិតប្រព្រឹត្តទៅ ។ បទ នៃទិដ្ឋិទាំងឡាយ ឈ្មោះថា អធិមុត្តិបទ អធិប្បាយថា ពាក្យដែលសម្តែង ទិដ្ឋិនៃអធិមុត្តិបទទាំងនោះ ។ បទថា អភិញ្ញា សច្ឆិកិរិយាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការដឹង ហើយធ្វើឲ្យប្រចក្ស ។ បទថា វិសារទោ បានដល់ ដល់នូវសោមនស្ស ដែលប្រកបដោយកាយ ។ បទថា តត្ថ បានដល់ ក្នុងធម៌ទាំងនោះ ។ បទថា តេសំ តេសំ តថា តថា ធម្មំ ទេសេតុំ សេចក្តីថា ដើម្បីទ្រង់ដឹងអាសយៈ គឺអធ្យាស្រ័យដែលល្អរបស់ពួកសត្វនោះៗ ដែលមានទិដ្ឋិ ឬក្រៅអំពីនេះ ហើយ ទ្រង់សម្តែងធម៌ដោយប្រការនោះៗ ។ បទថា ហីនំ វា ហីនន្តិ ញស្សតិ សេចក្តីថា ឬនឹងដឹងធម៌អាក្រក់ ថាជាធម៌អាក្រក់ ។ បទថា ញាតយ្យំ ប្រែថា គប្បីដឹង ។