កាយសូត្រ
ម្នាលភិក្ខុទាំងឡាយ ពួកធម៌ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចាក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ដែលបុគ្គលគប្បីលះដោយ វាចា មិនបាច់កាយក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ដែលបុគ្គលមិនគប្បី លះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ ស្តែងដោយប្រាជ្ញាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលបុគ្គលគប្បី លះដោយកាយ មិនបាច់វាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសលដោយ កាយ ។ ពួកវិញ្ញូជនជាសព្រហ្មចារី ដៀងមើលរឿយៗ នូវភិក្ខុនោះហើយនិយាយ យ៉ាងនេះថា លោកដ៏មានអាយុបានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសលដោយកាយហើយ លោកដ៏មានអាយុចូរលះកាយទុច្ចរិត ហើយ ចម្រើនកាយសុចរិតឲ្យត្រឹមត្រូវឡើង ។ កាលពួកវិញ្ញូជនជាសព្រហ្មចារីដៀង មើលរឿយៗ ហើយស្តីថា ភិក្ខុនោះក៏លះកាយទុច្ចរិត ហើយចម្រើនកាយសុចរិតទៅ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះ ដោយកាយ មិនបាច់វាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលបុគ្គល គប្បីលះដោយវាចា មិនបាច់កាយ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចា ។ ពួកវិញ្ញូជនជាសព្រហ្មចារី ដៀងមើលរឿយៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិ ណាមួយ ជាអកុសលដោយវាចាហើយ លោកដ៏មានអាយុចូរលះវចីទុច្ចរិត ហើយចម្រើនវចីសុចរិតឲ្យត្រឹមត្រូវឡើង ។ កាលពួកវិញ្ញូជនជាសព្រហ្មចារី ដៀងមើលរឿយៗ ហើយស្តីថា ភិក្ខុនោះក៏លះវចីទុច្ចរិត ហើយចម្រើនវចីសុចរិតទៅ ។