ចុន្ទសូត្រ

ក្បាលទី 31 · ទំព័រ 374

សម័យមួយ ព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងប្រទេសឈ្មោះ សហជាតិ ក្នុងដែនចេតី ។ ក្នុងទីនោះឯង ព្រះមហាចុន្ទដ៏មានអាយុហៅភិក្ខុ ទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ ពាក្យរបស់ព្រះមហាចុន្ទដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះមហាចុន្ទដ៏ មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនិយាយនូវ ញាណវាទថា ខ្ញុំដឹងធម៌នេះ ខ្ញុំឃើញធម៌នេះ ។ ម្នាលអាវុសោទាំងឡាយ បើ លោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមកគ្របសង្កត់ភិក្ខុនោះ អ្នក ទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់លោកដ៏មានអាយុនេះ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោក ដ៏មានអាយុនេះ ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយភាវនាវាទថា ខ្ញុំជាអ្នកបានចម្រើនកាយ បានចម្រើនសីល បានចម្រើនចិត្ត បានចម្រើន ប្រាជ្ញាហើយ ។ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាង នេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មាន អាយុនេះ មិនដឹងច្បាស់យ៉ាងនេះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់ លោកដ៏មានអាយុនោះ ។