កាឡីសូត្រ
សម័យមួយ ព្រះមហាកច្ចានៈ គង់នៅបវត្តបព៌ត ជិតក្រុង កុររឃរៈ ក្នុងដែនអវន្តី ។ គ្រានោះ នាងកាលីឧបាសិកា នៅក្នុងក្រុងឈ្មោះ កុររឃរៈ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងកាលីឧបាសិកានៅក្នុងក្រុងឈ្មោះកុររឃរៈ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះមហា កច្ឆានៈដ៏មានអាយុដូច្នេះថា បពិត្រលោកដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ក្នុងកុមារីបញ្ញាថា ការសម្រេចប្រយោជន៍ ជាសេចក្តីស្ងប់រម្ងាប់នៃហ្ឫទ័យតថាគត ម្នាក់ឯង បានឈ្នះនូវកិលេសសេនា ជាទីស្រឡាញ់ ជាទីត្រេកអរ បានឈាន ត្រាស់ដឹងនូវព្រះនិព្វាន ជាសុខ ហេតុនោះ តថាគត មិនធ្វើសាក្សីដោយសារជនទេ សាក្សី ( មិត្តធម៌ ) ដោយជន ណាមួយ មិនសម្រេចដល់តថាគតឡើយ ។ បពិត្រលោកដ៏ចម្រើន សេចក្តីនៃភាសិត ដែលព្រះដ៏មានព្រះភាគសម្តែង ដោយសង្ខេបនេះ យើងគប្បីយល់ដោយពិស្តារដូចម្តេចបាន ។ ម្នាលនាង ពួកសមណព្រាហ្មណ៍ខ្លះ ចូលកាន់បឋវីកសិណដ៏ឧត្តម ហើយញ៉ាំងបឋវីកសិណនោះឲ្យកើត ដោយប្រកាន់ថាជាប្រយោជន៍ ។ ម្នាលនាង ព្រះដ៏មាន ព្រះភាគ បានត្រាស់ដឹងនូវការចូលកាន់បឋវីកសិណដ៏ឧត្តមនោះ ព្រះដ៏មាន ព្រះភាគ បានជ្រាបច្បាស់នូវការចូលកាន់បឋវីកសិណដ៏ឧត្តមនោះ ហើយបាន ឃើញខាងដើម គឺសមុទយសច្ច បានឃើញទោស គឺទុក្ខសច្ច បានឃើញនូវ ធម៌ជាគ្រឿងរលាស់ គឺនិរោធសច្ច បានឃើញមគ្គាមគ្គញ្ញាណទស្សនៈ គឺ មគ្គសច្ច ព្រះអង្គបានជ្រាបនូវការសម្រេចប្រយោជន៍ ជាការស្ងប់នៃហ្ឫទ័យ ព្រោះហេតុនៃការឃើញខាងដើម ព្រោះហេតុនៃការឃើញទោស ព្រោះហេតុ នៃការឃើញនូវធម៌ ជាគ្រឿងរលាស់ ព្រោះហេតុនៃការឃើញនូវមគ្គាមគ្គញ្ញាណ ។