បឋមមហាបញ្ញាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីនៅព្រឹកពេក បើដូច្នោះ គួរយើងចូលទៅឯ អារាម នៃពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើ សេចក្តីរីករាយ ជាមួយនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររពឫករួចហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះ ភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពួកបរិព្វាជកអន្យតិរ្ថិយទាំងនោះ បាននិយាយថា ម្នាលអាវុសោទាំងឡាយ សមណគោតមតែងសម្តែងធម៌ដល់ សាវ័កទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹង រឿយៗ នូវធម៌ទាំងពួង ។ ម្នាលអាវុសោទាំងឡាយ ពួកយើងក៏សម្តែងធម៌ ដល់ពួកសាវ័កយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរ ចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរ ត្រាស់ដឹងរឿយៗ នូវធម៌ទាំងពួង ។ ម្នាលអាវុសោទាំងឡាយ ដូចយ៉ាងធម្មទេសនាជាមួយនឹងធម្មទេសនាក្តី ពាក្យប្រៀនប្រដៅជាមួយនឹងពាក្យប្រៀន ប្រដៅក្តី របស់សមណគោតម នឹងយើងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច មានដំណើរផ្សេងៗ គ្នាដូចម្តេច ។ លំដាប់នោះ ភិក្ខុ ទាំងនោះ ក៏មិនត្រេកអរ មិនទទឹងទាស់ នឹ