អដ្ឋកថាទុតិយមហាបញ្ញាសូត្រ

ក្បាលទី 31 · ទំព័រ 410

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយមហាបញ្ញាសូត្រទី ៨ ដូចតទៅ នេះ បទថា កជង្គលាយំ បានដល់ នគរមានឈ្មោះយ៉ាងនេះ ។ បទថា កជង្គលា ប្រែថា អ្នកកជង្គលានគរ ។ បទថា មហាបញ្ហេសុ បានដល់ បញ្ញាដែលកំណត់សេចក្តីធំៗ ។ បទថា យថាមេត្ថ ខាយតិ សេចក្តីថា ប្រាកដដល់ខ្ញុំក្នុងសេចក្តីនេះដោយប្រការណា ។ បទថា សម្មាសុភាវិតចិត្តោ បានដល់ ដែលមានចិត្តអប់រំដោយល្អ ដោយហេតុ ដោយន័យ ។ បទថា ឯសោ ចេវ តស្ស អត្ថោ សេចក្តីថា បញ្ញាជាដើមថា ធម៌ ៤ ប្រការ ព្រះមានព្រះភាគវិសជ្ជនាថា អាហារ ៤ យ៉ាង ដូច្នេះជាដើមក៏ពិត តែព្រោះ ហេតុដែលកំណត់ដឹងអាហារ ៤ ហើយ សតិប្បដ្ឋាន ៤ ក៏ឈ្មោះថា អប់រំ ហើយ កាលអប់រំសតិប្បដ្ឋាន ៤ ហើយ អាហារ ៤ ក៏កំណត់ដឹងហើយ ដូច្នោះ ទើបក្នុងបញ្ញានេះផ្សេងគ្នាត្រឹមតែព្យញ្ជនៈ ព្រោះការផ្សេងគ្នានៃទេសនា បុណ្ណោះ ចំណែកអត្ថក៏ដូចគ្នាតែមួយ ក្នុងធម៌ មានឥន្ទ្រិយជាដើម ក៏មាន ន័យដូចគ្នា ។ ដោយហេតុនោះ ទ្រង់ត្រាស់ថា នុ៎ះឯងជាអត្ថនៃភាសិតសង្ខេប របស់តថាគត ។ ពិតហើយ ពោលដោយសេចក្តី ពាក្យទាំង ២ នោះ ក៏ដូចជា មាសដែលប្រហោងខាងក្នុង ដូច្នោះ ។