អដ្ឋកថាទុតិយកោសលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយកោសលសូត្រទី ១០ ដូចតទៅ នេះ បទថា ឧយ្យោធិកាយ និវត្តោ ហោតិ សេចក្តីថា ទ្រង់យាងត្រឡប់ អំពីការច្បាំង ។ បទថា លទ្ធាធិប្បាយោ សេចក្តីថា បានឮថា ព្រះបាទ កោសល កាលថ្វាយធីតាដល់ព្រះបាទពិម្ពិសារ ក៏ព្រះរាជទានកាសីគាមដែល មានតម្លៃសួយមួយសែន រវាងដែនរបស់ព្រះរាជាទាំង ២ ដល់ព្រះរាជធីតា ។ កាលព្រះបាទអជាតសត្តុផ្តាច់ព្រះជន្មព្រះជនកហើយ សូម្បីព្រះមាតារបស់ទ្រង់ មិនយូរបុន្មាន ក៏សោយព្រះវិលាល័យ ដោយសេចក្តីសោកសង្រែង ព្រោះ វិប្បយោគដល់ព្រះស្វាមី ។ កាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ព្រះតម្រិះ ថា ព្រះបាទអជាតសត្តុផ្តាច់ព្រះជន្មព្រះជនកជននី កាសីគាមក៏គួរធ្លាក់ ជាសម្បត្តិរបស់បិតាអញ ទើបទ្រង់សាងរបងជុំវិញ ដើម្បីកាសីគាមនោះ ។ ដូច្នោះ ដើម្បីចង់បានស្រុកនោះ ទើបស្តេចអ និងក្មួយទាំង ២ អង្គ លើក ចតុរង្គសិនីសេនាទាំង ២ ចំណែកចេញច្បាំងគ្នា ។ ក្នុងសង្រ្គាមនោះ ព្រះបាទ បសេនទិកោសល ទ្រង់ចាញ់ទាំង ២ ដង ទើបទ្រង់ត្រឡប់ចូលព្រះនគរ លើកទី ៣ ទ្រង់ព្រះតម្រិះថា អញគប្បីឈ្នះបានដូចម្តេចហ្ន៎ ទ្រង់ដឹងដោយ អាការដែលគួរច្បាំង ដោយវិធីលួចចូលទៅសេបអាថ៌កំបាំង ទើបទ្រង់ បង្ហាញកងទ័ពទាំងសងខាង ចាប់ព្រះបាទអជាតសត្តុបាននោះឯង ទ្រង់ក៏បាន សមតាមបំណង ព្រោះបានឈ្នះតាមបំណង ។ បទថា យេនារាមោ តេន បយាសិ សេចក្តីថា ទ្រង់ឲ្យបោះព្រះពន្លា ឆ្លងជ័យជម្នះក្រៅព្រះនគរ ទ្រង់ព្រះតម្រិះថា អ្នកនគរប្រដាប់ព្រះនគរដរាបណា អញនឹងថ្វាយបង្គំព្រះសាស្តាដរាបនោះ តាំងអំពីកាលដែលចូលព្រះនគរ ហើយ ក៏នឹងយឺតយូរ ទ្រង់មានពួកអមាត្យចោមរោម ហើយយាងទៅកាត់ តាមអារាម ទ្រង់ចូលទៅកាន់អារាម ។