បឋមឧបាលិសូត្រ និងទុតិយឧបាលិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឧបាលិសូត្រទី ១ នៃឧបាលិវគ្គទី ៤ ដូចតទៅនេះ ឈ្មោះថា សង្ឃសុដ្ឋុតាយ បានដល់ ការដែលសង្ឃទទួល ថាល្អ គឺភាពដែលសង្ឃទទួលដោយពាក្យជាទីស្រឡាញ់ថា សុដ្ឋុ ភន្តេ ល្អ ណាស់ ព្រះអង្គ ដូចក្នុងអាគតដ្ឋានថា សុដ្ឋុ ទេវ ល្អណាស់ ព្រះសម្មតិទេព ។ សង្ឃណាទទួលព្រះតម្រាស់ព្រះតថាគតនោះ រមែងប្រព្រឹត្តទៅដើម្បី ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់សង្ឃនោះសព្វកាល ព្រោះដូច្នោះ ព្រះមាន ព្រះភាគទ្រង់បញ្ញត្តសិក្ខាបទ ដើម្បីសង្ឃទទួលដោយពាក្យជាទីស្រឡាញ់ ថា សុដ្ឋុ ភន្តេ ល្អណាស់ ព្រះអង្គ ព្រះមានព្រះភាគកាលទ្រង់សម្តែងទោស ក្នុងការមិនទទួល និងអានិសង្សក្នុងការទទួលហើយ កាលទ្រង់ធ្វើឲ្យជាក់ច្បាស់ សេចក្តីនេះ ទ្រង់មិនបានកាន់យកអំណាចដោយកម្លាំង ទើបត្រាស់ថា សង្ឃសុដ្ឋុតាយ ។ បទថា សង្ឃផាសុតាយ បានដល់ ដើម្បីផាសុក ដើម្បី ការមានជីវិតរួមគ្នានៃសង្ឃ អធិប្បាយថា ជាប្រយោជន៍ដល់ការនៅជាសុខ ។ បទថា ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ សេចក្តីថា បុគ្គលទ្រុស្តសីល ឈ្មោះថា ប្រដៅក្រ ។ បុគ្គលពួកណា សូម្បីត្រូវគេធ្វើឲ្យខ្មាសអៀន ក៏មិន មានទុក្ខ ទោមនស្ស ឬធ្វើនូវការល្មើសសិក្ខាបទ ឬធ្វើហើយ ក៏មិនខ្មាស ដើម្បីប្រយោជន៍ដល់ការសង្កត់បុគ្គលទាំងនោះ ។ ពិតហើយ ភិក្ខុទាំងនោះ កាលសិក្ខាបទមាន ក៏នឹងបៀតបៀនសង្ឃថា ពួកអ្នកឃើញអ្វី បានឮអ្វី ពួក ខ្ញុំធ្វើអ្វី ពួកលោកលើកអាបត្តិណា ក្នុងវត្ថុមកសង្កត់ខ្ញុំ កាលសិក្ខាបទមាន សង្ឃនឹងសម្តែងសិក្ខាបទដល់ភិក្ខុទាំងនោះ សង្កត់ដោយសហធម៌ ដោយ ហេតុនោះ ទើបត្រាស់ថា ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ ដើម្បីសង្កត់សង្កិន បុគ្គលប្រដៅក្រ ។