អដ្ឋកថា ឧបសម្បទាសូត្រ
បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើប គួរញ៉ាំងកុលបុត្រឲ្យឧបសម្បទាបាន ។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង គួរញ៉ាំងកុលបុត្រឲ្យឧបសម្បទាបាន ។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារ និង គោចរ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូតទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលម្អបទដើម លំអបទកណ្តាល លម្អបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មាន សភាពដូច្នោះ ភិក្ខុនោះក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា ( ស្ទាត់ជំនាញ ) ជាក់ច្បាស់ក្នុងចិត្ត ចេះដឹងល្អដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះ ទេ បាតិមោក្ខក៏ភិក្ខុនោះ ចាំបានដោយពិស្តារ ចេះចែករំលែកបានស្រួល ចេះ ស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបម្រើ ឬឲ្យគេបម្រើនូវអ្នកជំងឺ ១ អ្នកអង់អាចដើម្បីរម្ងាប់ ឬ ឲ្យគេរម្ងាប់សេចក្តីអផ្សុក ១ អ្នកអង់អាច ដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីកម្ចាត់បង់ទិដ្ឋិ ដែលកើត ហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញ៉ាំងបុគ្គលឲ្យសមាទានក្នុងអធិសីល ១ អ្នកអង់អាច ដើម្បីញ៉ាំងបុគ្គលឲ្យសមាទានក្នុងអធិចិត្ត ១ អ្នកអង់អាច ដើម្បីញ៉ាំងបុគ្គលឲ្យសមាទានក្នុងអធិប្បញ្ញា ១ ។