អដ្ឋកថា ឧបាលិសង្ឃភេទសូត្រ
បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ការបែកសង្ឃៗ បពិត្រ ព្រះអង្គដ៏ចម្រើន សង្ឃបែកគ្នា តើដោយហេតុប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ ភិក្ខុ ក្នុងសាសនានេះ សម្តែងសភាពមិនមែនធម៌ ថាជាធម៌ ១ សម្តែងធម៌ថាមិន មែនធម៌ ១ សម្តែងសភាពមិនមែនជាវិន័យ ថាជាវិន័យ ១ សម្តែងវិន័យថា មិនមែនជាវិន័យ ១ សម្តែងធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបាន ពោលហើយថា ជាធម្មវិន័យដែលតថាគត បានសម្តែង បានពោលហើយ ១ សម្តែងធម្មវិន័យ ដែលតថាគតបានសម្តែង បានពោលហើយថា ធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបានពោលហើយ ១ សម្តែងនូវវត្ត ដែល តថាគត មិនបានសន្សំហើយ ថាជាវត្តដែលតថាគត បានសន្សំហើយ ១ សម្តែងនូវវត្តដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបាន សន្សំវិញ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជា សិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១ សម្តែងនូវសិក្ខាបទ ដែលតថាគតបាន បញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគត មិនបានបញ្ញត្តហើយ ១ ។ ភិក្ខុ ទាំងនោះ ដឹកនាំបង្ខំធ្វើនូវសង្ឃកម្មផ្សេងគ្នា សម្តែងនូវបាតិមោក្ខផ្សេងគ្នា ដោយ វត្ថុ ១០ យ៉ាងនេះឯង ។ ម្នាលឧបាលិ សង្ឃបែកគ្នាដោយហេតុបុណ្ណេះឯង ។