វិវាទសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 459

គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នា កើតឡើង ក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនា នេះ សម្តែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សម្តែងនូវធម៌ថាមិនមែនជាធម៌ ១ សម្តែងនូវសភាពមិនមែនជាវិន័យ ថាជាវិន័យ ១ សម្តែងនូវវិន័យថា មិនមែនជាវិន័យ ១ សម្តែងនូវធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបាន ពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសម្តែង បានពោលហើយ ១ សម្តែងនូវធម្មវិន័យ ដែលតថាគតបានសម្តែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតមិនបានសម្តែង មិនបានពោលវិញ ១ សម្តែងនូវវត្តដែលតថាគត មិនបានសន្សំហើយ ថាជាវត្តដែលតថាគត បានសន្សំហើយ ១ សម្តែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែល តថាគតបានបញ្ញត្តហើយ ១ សម្តែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ១ ។ ម្នាលឧបាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមានសេចក្តីបង្កហេតុ ជម្លោះ សេចក្តី ប្រកួតប្រកាន់ វិវាទគ្នា កើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ ។