អដ្ឋកថា ទុតិយវិវាទមូលសូត្រ
ក្នុងបឋមវិវាទមូលសូត្រទី ២ មានអត្ថងាយយល់ហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន មូលហេតុនៃវិវាទ តើមានប៉ុន្មានយ៉ាង ។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង ។ មូលហេតុនៃវិវាទ ១០ យ៉ាងតើដូចម្តេចខ្លះ ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សម្តែងនូវអនាបត្តិ ថាជាអាបត្តិ ១ សម្តែងនូវអាបត្តិ ថាជាអនាបត្តិ ១ សម្តែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ ១ សម្តែងនូវគរុកាបត្តិ ថាជាលហុកាបត្តិ ១ សម្តែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ១ សម្តែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ១ សម្តែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ ១ សម្តែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ១ សម្តែងសប្បដិកម្មាបត្តិ គឺអាបត្តិដែល កែបាន ថាជាអប្បដិកម្មាបត្តិ គឺអាបត្តិកែមិនបាន ១ សម្តែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ ១ ។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង នេះឯង ។ ក្នុងទុតិយវិវាទមូលសូត្រទី ៣ មានអត្ថងាយយល់ហើយ ។