កុសិនារាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ជាទី នាំទៅនូវពលិកម្ម ( ដើម្បីប្រយោជន៍ដល់ទេវតា ) ទៀបក្រុងកុសិនារា ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការ ចំពោះខ្លួន ឯងសិន ត្រូវតាំងធម៌ ៥ ប្រការទុកក្នុងខ្លួន រួចសឹមចោទភិក្ខុដទៃ ។ ធម៌ ៥ ប្រការតើដូចម្តេច ដែលភិក្ខុអ្នកចោទ ត្រូវពិចារណាចំពោះខ្លួនឯង ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាង នេះថា អាត្មាអញមានកាយសមាចារ បរិសុទ្ធឬហ្ន៎ អាត្មាអញជាអ្នកប្រកបដោយ កាយសមាចារ ដ៏បរិសុទ្ធមិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់ បាន ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមានកាយសមាចារបរិសុទ្ធ តែមិនប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះឯង គង់មានអ្នកផង ស្តីដាស់តឿនថា នែលោកដ៏មានអាយុ លោកសិក្សានូវសមាចារ ផ្លូវកាយជាមុន សិន ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ១ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញមានវចីសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញប្រកបដោយវចីសមាចារ ដ៏បរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះមានគ្រប់គ្រាន់ ដល់អាត្មាអញ ឬមិនមានទេ ។