អដ្ឋកថា ភណ្ឌនសូត្រ

ក្បាលទី 31 · ទំព័រ 489

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុច្រើន រូប ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតមានសេចក្តីប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយចាក់ ដោតគ្នា ដោយលំពែង គឺមាត់ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ចេញចាក ទីពួនសម្ងំ ក្នុងសាយ័ណ្ហសម័យ ក៏ចូលទៅរកឧបដ្ឋានសាលា លុះចូលទៅដល់ ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នា ដោយកថាដូចម្តេច ចុះអន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ដាច់ស្រេច ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ យើងខ្ញុំទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ ភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា ក៏កើតមានសេចក្តីប្រកួត ប្រកាន់ ឈ្លោះប្រកែក និយាយចាក់ដោតគ្នា ដោយលំពែងគឺមាត់ ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយមានសេចក្តីប្រកួតប្រកាន់ ឈ្លោះប្រកែក និយាយ ចាក់ដោតគ្នា ដោយលំពែង គឺមាត់ ព្រោះហេតុណា ហេតុនុ៎ះ មិនសមគួរដល់ អ្នកទាំងឡាយជាកុលបុត្រ អ្នកមានសទ្ធាចេញចាកផ្ទះ ចូលមកកាន់ផ្នួសសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាធម៌គួររពឫករកគ្នា ធ្វើ នូវសេចក្តីស្រឡាញ់ ធ្វើនូវសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសង្គ្រោះគ្នា ដើម្បី មិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីមូលមិត្តគ្នា ។ ធម៌ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្