អដ្ឋកថា បព្វជិតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបព្វជិតសូត្រទី ៩ ដូចតទៅនេះ បទថា តស្មា ប្រែថា ព្រោះហេតុដែលប្រយោជន៍នៃ សាមញ្ញផល មិនដល់ព្រម ដល់បុគ្គលដែលមានចិត្តមិនបានសន្សំយ៉ាងនេះ ដូច្នោះ ។ បទថា យថាបព្វជ្ជាបរិចិតញ្ច នោ ចិត្តំ ភវិស្សតិ សេចក្តីថា សន្សំមកដោយសមគួរ ដល់ការបួស ពិតហើយ ពួកជនណាមួយ ឈ្មោះថា បួស ជនទាំងអស់នោះ ក៏ប្រាថ្នាអរហត្ត ព្រោះហេតុនោះ ចិត្តណា បុគ្គលសន្សំអប់រំមកដើម្បីជាប្រយោជន៍ដល់ការសម្រេចអរហត្តចិត្តនោះ គប្បីជ្រាបថា ឈ្មោះថា សន្សំមក ដោយសមគួរដល់ការបួស ។ អ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តរបស់អញនឹង ជាដូច្នេះ ។ បទថា លោកស្ស សមញ្ច វិសមញ្ច បានដល់ សុចរិត និង ទុច្ចរិតរបស់សត្វលោក ។ បទថា លោកស្ស សម្ភវញ្ច វិភវញ្ច បានដល់ សេចក្តីចម្រើន និងសេចក្តីវិនាសរបស់សត្វលោកនោះ ម្យ៉ាងទៀត បានដល់ សម្បត្តិ និងវិបត្តិ ។ បទថា លោកស្ស សមុទយញ្ច អដ្ឋង្គមញ្ច ត្រាស់ សំដៅយកសង្ខារលោក អធិប្បាយថា ដឹងការកើត និងការបែកធ្លាយនៃខន្ធ ទាំងឡាយ ។