គិរិមានន្ទសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះគិរិមានន្ទដ៏មាន អាយុ លោកមានអាពាធប្រកបដោយទុក្ខវេទនា ជាជំងឺធ្ងន់ ។ គ្រានោះឯង ព្រះអានន្ទត្តេរដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ត្រង់ទីដែល ព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទត្ថេរដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ក៏ក្រាបបង្គំទូលនូវពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន គិរិមានន្ទដ៏មានអាយុមានអាពាធប្រកបដោយទុក្ខវេទនា ជាជំងឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់អនុគ្រោះ ( ចំពោះគិរិមានន្ទ ) សូមស្តេចចូលទៅត្រង់កន្លែងដែលគិរិមានន្ទអាស្រ័យនៅ ។ ព្រះដ៏ មានព្រះភាគត្រាស់តបថា ម្នាលអានន្ទ ប្រសិនបើអ្នកចូលទៅកាន់សម្នាក់នៃ គិរិមានន្ទភិក្ខុ សម្តែងប្រាប់សញ្ញាទាំង ១០ ប្រការ ដំណើរនេះ ជាហេតុនឹងនាំឲ្យ អាពាធរបស់គិរិមានន្ទភិក្ខុនោះ បានរម្ងាប់សះស្បើយទៅមួយរំពេច ព្រោះ គិរិមានន្ទភិក្ខុ បានស្តាប់នូវសញ្ញាទាំង ១០ ប្រការ ។ សញ្ញាទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ ។ គឺអនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១ ។ ម្នាលអានន្ទ អនិច្ចសញ្ញា តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនា នេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី ពិចារណាឃើញ ដូច្នេះថា រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិន ទៀង វិញ្ញា