អដ្ឋកថាបឋមវត្ថុកថាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមវត្ថុកថាសូត្រទី ៩ ដូចតទៅនេះ បទថា តិរច្ឆានកថំ បានដល់ រឿងដែលទទឹងផ្លូវសួគ៌ និងព្រះនិព្វាន ព្រោះ ជារឿងដែលមិននាំសត្វចេញចាកទុក្ខ ។ បណ្តាតិរច្ឆានកថានោះ កថា គឺរឿង ដែលប្រារព្ធព្រះរាជា ហើយប្រព្រឹត្តទៅដោយន័យជាដើមថា ព្រះបាទមហា- សម្មតរាជ ព្រះបាទមន្ធាតុរាជ ព្រះបាទធម្មាសោករាជ ទ្រង់មានអានុភាព ច្រើនយ៉ាងនេះ ឈ្មោះថា រាជកថា ។ ក្នុងចោរកថាជាដើម ក៏មានន័យដូច្នេះ ។ កថា គឺរឿងដែលពោលទាក់ទងនឹងផ្ទះសម្បែង ដោយន័យជាដើមថា ព្រះរាជា អង្គនោះស្អាត គួរសរសើរ ក៏ជាតិរច្ឆានកថា ។ ចំណែកកថាដែលប្រព្រឹត្តទៅ យ៉ាងនេះថា ព្រះរាជាអង្គនោះ មានអានុភាពច្រើនយ៉ាងនោះ គង់មិនទៀង ដូច្នេះ តាំងនៅក្នុងភាពជាកម្មដ្ឋាន ។ ក្នុងពួកចោរ កថាដែលអាស្រ័យកម្មនៃ ចោរទាំងនោះប្រព្រឹត្តទៅ ដោយន័យថា មូលទេវចោរ មានអំណាចច្រើន យ៉ាងនេះ មេឃមាលចោរ មានអំណាចច្រើនយ៉ាងនេះ កថាដែលពោលទាក់ទង នឹងផ្ទះសម្បែងថា ចិត្តរបស់ពួកគេជាអ្នកក្លាហាន ដូច្នោះ ទើបជាតិរច្ឆានកថា ។ សូម្បីក្នុងរឿងចម្បាំងទាំងឡាយ មានភារតយុទ្ធជាដើម កថាដែល ប្រព្រឹត្តទៅ ដោយអំណាចការត្រេកអរក្នុងកម្មថា បុគ្គលនោះ ត្រូវបុគ្គល នោះធ្វើឲ្យស្លាប់ យ៉ាងនេះ បាញ់យ៉ាងនេះ ឈ្មោះថា តិរច្ឆានកថា ។ ឯកថា ដែលប្រព្រឹត្តទៅយ៉ាងនេះ បុគ្គលពួកនោះ ក៏ដល់នូវការអស់ទៅ សូន្យទៅ រមែងជាកម្មដ្ឋាន គ្រប់កថាទាំងអស់ ។ ម្យ៉ាងទៀត ក្នុងរឿងអាហារ មាន បាយជាដើម ពោលដោយអំណាចការត្រេកអរក្នុងវត្ថុដែលគួរប្រាថ្នាថា ខ្ញុំ ទំពាស៊ី ខ្ញុំផឹក បរិភោគអាហារមានរសល្អ មានរសឆ្ងាញ់យ៉ាងនេះ មិនគួរ ។