ទុតិយវត្ថុកថាសូត្រ

ក្បាលទី 31 · ទំព័រ 576

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាតក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយ អំពីអាមាត្យធំ ។ បេ ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើនដែលជាហេតុ ឥតប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំក្នុង សាយ័ណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ ហើយ គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាល អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយជួបជុំគ្នាដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាតក្នុងបច្ឆាភត្ត ហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយ អំពីស្តេច និយាយអំពីចោរ ។ បេ ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយប្រកប តិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះមិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្រចេញចាកផ្ទះដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថា នោះ គឺនិយាយអំពីស្តេច ។ បេ ។ និយាយអំពីសេចក្តីចម្រើននិងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ នេះមាន ១០ យ៉ាង ។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច