អាកង្ខសូត្រ

ក្បាលទី 31 · ទំព័រ 580

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះបាន ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏ មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចរ ជាអ្នកឃើញនូវភ័យក្នុងទោសមាន ប្រមាណតិច ជាអ្នកសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុ ទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនោះគួរជាអ្នក បំពេញក្នុងសីល ប្រកបរឿយៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិន សាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចម្រើននូវសុញ្ញាគារ ( ផ្ទះ ស្ងាត់ ) ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគួរជាបុគ្គល បាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈាន មិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចម្រើននូវសុញ្ញាគារ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញប្រើប្រាស់ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយរបស់ទាយកណា ការឲ្យ នូវបច្ច័យទាំងនោះ របស់ទាយកទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចម្រើននូវសុញ្ញាគារ ។