មិគសាលាសូត្រ

ក្បាលទី 31 · ទំព័រ 599

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន ជា អារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះអានន្ទ ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ ចូលទៅឯលំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើ អាសនៈ ដែលគេក្រាលទុក ។ លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មាន អាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះមិគសាលាឧបាសិកា អង្គុយក្នុង ទីសមគួរហើយ ក៏បានទូលសួរព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទ ដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយនេះ តើគប្បីយល់ ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើៗ គ្នា ក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតារបស់ខ្ញុំឈ្មោះបុរាណៈ ជាព្រហ្មចារី ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ ព្យាករថាជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតា ក្នុងជាន់តុសិត ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតានៃខ្ញុំ មិនមែន ជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះធ្វើមរណកាលទៅ ព្រះដ៏ មានព្រះភាគ ទ្រង់ព្យាករថាជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតា ជាន់តុសិតដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើៗ គ្នា ក្នុងបរលោក ។ ម្នាលនាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករហើយយ៉